កំពង់ឆ្នាំង ៖ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០១៩កន្លងមកនេះ កងអន្តរាគមន៍នៃស្នងការនគរបាលខេត្ត និងសមត្ថកិច្ចផែនការសេដ្ឋកិច្ចដឹកនាំដោយលោក ជិន សុផាត បានចាប់ឃាត់គោយន្តដឹកឈើអត់ច្បាប់ចំនួន ២ គ្រឿង រួមនឹងមនុស្ស៣នាក់មកកាន់ខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា :គោយន្ដ ២គ្រឿងនេះ ដឹកឈើអត់ច្បាប់ចេញពីខេត្តពោធិ៍សាត់ឆ្លងកាត់ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សមត្ថកិច្ចធ្វើការចាប់ឃាត់នៅចំណុចវាលស្បូវ នាម៉ោង៤ទៀបភ្លឺ យប់ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ2019នេះ។
ករណីដឹកជញ្ជូនឈើខុសច្បាប់តាមគោយន្តឆ្លងកាត់ទឹកដីឃុំក្តុលសែនជ័យ ឃើញថាមិនមែនមានត្រឹមតែ ១ទៅ២គោយន្តប៉ុណ្ណោះទេ ពោលគឺជារៀងរាល់យប់យ៉ាងហោចណាស់ក៏មានការដឹកជព្ជាូនឈើខុសច្បាប់ចាប់ពី ២០ ទៅ ៣០គោយន្ត ។
ខណ:ដែលមេព្រៃដាក់ប៉ុស្តិ៍ត្រួតពិនិត្យសកម្មភាពដឹកឈើខុសច្បាប់នៅឃុំក្តុលជ័យដោយប្រចាំការ ២៤ម៉ោងលើ ២៤ម៉ោង ប៉ុន្តែបទល្មើសឈើគ្រប់ប្រភេទដឹកតាមគោយន្តកាត់មុខមេព្រៃមានសកម្មភាពដោយរលូនគ្មានការរំខាននោះឡើយ។
ក្រុមឈ្មួញដឹកឈើតែងតែយកលេសថា:ទិញឈើពីខេត្តពោធិ៍សាត់ ទៅធ្វើផ្ទះសម្បែងនៅឯស្រុកផ្សេងៗក្នុងកំពង់ឆ្នាំងតែតាមការពិតគឺគេដឹកជញ្ជូនឈើអារថ្មីៗរាប់សិបឆ្នាំយកទៅបោះលក់ឲ្យដេប៉ូផ្សេងៗនៅក្នុងខេត្តកំពង់ឆ្នាំង មានដូចជាក្រុងកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ និងមានរហូតដឹកយកទៅលក់នៅឯខេត្តកំពង់ស្ពឺ ថែមទៀតផង។
អ្នកបើកបរគោយន្តដឹកឈើខុសច្បាប់ទាំងអស់នេះអាចត្រឹមតែជាអ្នកស៊ីឈ្នួលដឹកឈើឲ្យឈ្មួញនៅក្នុងខេត្តកំពង់ឆ្នាំងប៉ុណ្ណោះក៏អាចថាបាន។
ក្រុមឈ្មួញដឹកឈើបានអះអាងថា:ពួកគាត់ទិញឈើនេះពីខេត្តពោធិ៍សាត់ យកទៅធ្វើផ្ទះនៅឯឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
រី ភារិទ្ធិ