កំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ នៅសាលប្រជុំសាលាស្រុកទឹកផុស មានរៀបចំសិក្ខាសាលាស្ដីពីការវិភាគបញ្ហាប្រឈម និងការលានុវត្តភាពការធ្វើទេសន្តរប្រវេសន៍ក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយជាតិប្រជាជន (២០១៦-២០៣០) ប្រកបដោយប្រសិទ្ធភាព ក្រោមអធិបតីភាព ឯកឧត្តម អម សុភា អភិបាលរងខេត្ត ដោយមានការចូលរួមពីលោក ឌឹម ឌន ប្រធានមន្ទីរផែនការខេត្តកំពង់ឆ្នាំង លោក សុខ សុន្ធីរ អភិបាលស្តីទីស្រុកទឹកផុស និងមានការចូលរួមពីលោក លោកស្រីប្រធានអនុប្រធានការិយាល័យជុំវិញស្រុក មេឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ។
លោកឌឹម ឌន បានបញ្ជាក់អោយដឹងថាៈគោលបំណងសិក្ខាសាលានេះគឺដើម្បីៈ
១.ផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធស្តីពីការវិភាគបញ្ហាប្រឈម និងការលានុវត្តភាពក្នុងក្របខណ្ឌនៃការធ្វើទេសន្តរប្រទេសនៃការអនុវត្តគោលនយោបាយជាតិប្រជាជនឆ្នាំ (២០១៦-២០៣០) ប្រកបដោយប្រសិទ្ធភាព។
២.ស្រាវជ្រាវប្រមូលធាតុចូលនៅមូលដ្ឋាន និងចងក្រងវិភាគបញ្ហាប្រឈម និងការលានុវត្តភាពក្នុងក្របខណ្ឌនៃការអនុវត្តគោលនយោបាយជាតិប្រជាជន សម្រាប់ឧបករណ៍វិភាគយល់ពីមូលហេតុផ្សេងៗនៃការធ្វើទេសន្ដរប្រវេសន៍។
៣.សិក្សាស្រាវជ្រាវ និងកំណត់បាននូវសូចនាករបញ្ហាប្រឈម ការលាអនុវត្តភាព សម្រាប់រៀបចំផែនការកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិដើម្បីឆ្លើយតបនឹងបញ្ហាប្រជាជននិងការអភិវឌ្ឍន៍។
ឯកឧត្ដម អម សុភា បានមានប្រសាសន៍ថាៈក្នុងវគ្គសិក្ខាសាលានេះគឺចង់ឱ្យមានការផ្លាស់ប្ដូរនូវស្ថាន
ភាពសង្គម និងប្រជាសាស្ត្រជាពិសេសបម្រែបម្រួលរចនាសម្ព័ន្ធអាយុកាលដែលបណ្ដាលមកពីការថយចុះនៃអត្រាលទ្ធភាពមានកូន និងអត្រាស្លាប់។
ក្នុងក្របខណ្ឌនេះ ការកើតឡើងនូវកម្រិតប្រជាសាស្ត្រកើត ស្លាប់ បម្លាស់ទីលំនៅបាននាំមកនូវការលានុវត្តភាពទាំងបញ្ហាប្រឈមថ្មីៗដែលជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍ លើគ្រប់វិស័យហើយឈរលើទស្សនៈនៃការអភិវឌ្ឍរយៈពេលវែងរាជរដ្ឋាភិបាលទទួលស្គាល់នូវភាពចាំបាច់ក្នុងការបញ្ចូលឌីណាមិកប្រជាសាស្ត្រនៅក្នុងបរិបទនៃដំណើរការអភិវឌ្ឍផែនការដោយការគិតគូរដល់ទំនាក់ទំនងពហុវិស័យរវាងបញ្ហាប្រជាជននិងការអភិវឌ្ឍ។
ឯកឧត្តម អម សុភា ក៏បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវក្រេបជញ្ជក់នូវព័ត៌មានថ្មីៗ និងរកឱ្យឃើញនូវបញ្ហាប្រឈមនានាដែលទាក់ទងទៅនឹងការលានុវត្តភាពនៃការធ្វើទេសន្តរប្រវេសន៍ និងរកឱ្យឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយស្ដីពីការចំណាកស្រុក ក្នុងស្រុក និងក្រៅប្រទេស ដើម្បីបានលទ្ធផលជាគោលដៅសម្រាប់ការអភិវឌ្ឍន៍រួម ៕