ខេត្តកំពង់ឆ្នាំង៖ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចចម្រុះស្រុកបរិបូណ៌ បានចុះធ្វើការបង្ក្រាបអាអិចឈូសឆាយទន្ទ្រានរំលោភយកដីរដ្ឋ នៅត្រង់ចំណុចព្រៃខ្លុងសហគមន៍ព្រៃឈើស្ទឹងខ្សាច់សស្ថិតនៅភូមិអញ្ចាញរូង ឃុំអញ្ចាញរូងស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ។
កម្លាំងសមត្ថកិច្ចចម្រុះដែល ដឹកនាំដោយលោកវរសេនីយ៍ត្រី គិត គន្ធា មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងថា បន្ទាប់ពីបានទទួលព័ត៌មានរាយការណ៍ ពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើ និងក្រោមការចង្អុលបង្ហាញពីលោក យឹម សារិន អភិបាលស្រុកបរិបូណ៌ កម្លាំងសមត្ថកិច្ចចម្រុះដែលចុះអនុវត្តន៍មានការចូលរួមដូចជា កម្លាំងអាវុធហត្ថស្រុកបរិបូណ៌ មន្ត្រីតំណាងឲ្យរដ្ឋបាលស្រុកបរិបូណ៌ ទាហាននិងប្រជាការពារជាច្រើននាក់ បានចុះមកស្រាវជ្រាវប្រទះឃើញជាក់ស្ដែង ក្រុម អាអ៊ិច កំពុងតែធ្វើសកម្មភាពវ៉ៃព្រៃទន្ទ្រានកាប់ឆ្ការដីរដ្ឋដែលស្ថិតនៅចំណុចព្រៃសហគមន៍ ព្រៃឈើស្ទឹងខ្សាច់ ស ចំនួន ៤ គ្រឿង រួចក៏បានសុំគោលការណ៍ភ្លាមៗទៅថ្នាក់ស្រុកនិងថ្នាក់ខេត្ត បើកយុទ្ធនាការចាប់ឃាត់គ្រឿងចក្រ ប្រគល់ជូនមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដើម្បីអនុវត្តតាមនីតិវិធីផ្លូវច្បាប់។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកបរិបូណ៌ លោកគិត គន្ធា បានមានប្រសាសន៍ថា: ក្រុមជនទុច្ចរិតដែលយក អាអ៊ិច ចំនួន 4 គ្រឿងកាប់ទន្ទ្រានវ៉ៃព្រៃរំលោភយកដីនោះត្រូវបាន កម្លាំងសមត្ថកិច្ចបាន ចុះចាប់បង្ក្រាបនៅវេលាម៉ោងប្រមាណជា 8 ព្រឹកថ្ងៃទី 18 ខែតុលាឆ្នាំ 2020 ។
ប៉ុន្តែខណៈនោះ ជនសង្ស័យដែលកំពុងធ្វើសកម្មភាពឈូសឆាយទន្ទ្រានរំលោភដីព្រៃនោះមានគ្នាច្រើននាក់ពួកគេក៏បានជម្លៀសយកអាអ៊ិច 1 គ្រឿងចេញរួចនិងជាលទ្ធផល ជាក់ស្ដែងចាប់ឃាត់បានតែចំនួន3គ្រឿងតែប៉ុណ្ណោះ។
ប្រភពពីប្រជាពលរដ្ឋដែលរស់នៅភូមិឃុំខាងលើរៀបរបានអោយដឹងថា ពាក់ព័ន្ធនឹងក្រុមឈ្មួញទុច្ចរិតប្រព្រឹត្តបទល្មើសយកគ្រឿងចក្រ មកឈូសឆាយកាប់ទន្ទ្រានយកដីរដ្ឋព្រៃនៅចំណុចព្រៃសហគមន៍ ព្រៃឈើស្ទឹងខ្សាច់សនេះកើតមានរយៈពេលប្រមាណជាងមួយខែមកហើយ ភាគច្រើនក្រុមទាំងនោះ លួចធ្វើតែពេលយប់ បើគិតពីទំហំនៃការកាប់ទន្ទ្រានរំលោភយកដីព្រៃនេះគឺអស់ប្រមាណជា 30 ហិកតាហើយ ដោយសកម្មភាពប្រព្រឹត្តទាំងអស់នោះពួកគាត់តែងតែ រាយការណ៍ជូនថ្នាក់ឃុំថ្នាក់ស្រុក ៕