បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១១និង០០នាទី កាលពីថ្ងៃទី២៨ ខែ១១ ឆ្នាំ២០២០នេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា មានជនមិនស្គាល់អត្តសញ្ញាម្នាក់បានកំពុងចែកចាយគ្រឿងញៀននៅចំណុចផ្សារយួន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយពីកម្លាំងកងរាជអាវុធហត្ថ ទទួលបានព័ត៌មានភ្លាមៗនោះ លោកវីរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះប្រតិបត្តិការដល់កន្លែងកើតហេតុបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ ទេព អ៊ូ ភេទប្រុស អាយុ៣២ឆ្នាំ និងដកហូតបានគ្រឿងញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៦កូនថង់តូច និងគ្រាប់ថ្នាំយ៉ាម៉ាពណ៌ក្រហមចំនួន០៣ថង់តូច ស្មើនឹង២១គ្រាប់ (ពណ៌ខ្មៅ០១គ្រាប់)។
លោកវីរសេនីយ៍ត្រី នួន នីណារ៉ូ បានប្រាប់ព័ត៌មានបញ្ញវ័ន្តខ្មែរអោយដឹងថា ភ្លាមៗនោះកម្លាំងបានសាកសួរជនសង្ស័យ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានទិញថ្នាំញៀននេះពីឈ្មោះ ប៉ែន ដា ភេទប្រុស អាយុ៥៨ឆ្នាំ ម្នាក់ ពេលនោះកម្លាំងបានបន្តធ្វេីការ ឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់ទៀត នៅចំណុចនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នៅវេលាម៉ោង១២ និង០០នាទី ត្រូវនិងថ្ងៃដដែល ហើយកម្លាំងបានបញ្ជូនខ្លួនជនសង្ស័យទៅ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដើម្បីធ្វើការសាកសួរចម្លើយ ក្រោយពីសាកសួរចម្លើយរួចជនសង្ស័យឈ្មោះ ទេព អ៊ូ (ហៅហេង) បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានទិញគ្រឿងញៀនទាំងអស់នេះពីឈ្មោះ ប៉ែន ដា ដើម្បីយកមកលក់បន្តពិតប្រាកដមែន ចំណែកឈ្មោះ ប៉ែន ដា ឆ្លើយថាខ្លួនគេស្គាល់ឈ្មោះ ទេព អ៊ូ ហៅហេងមែន តែគេមិនដែលមានទំនាក់ទំនងការលក់ដូរគ្រឿងញៀននោះទេ។
ដោយផ្អែកលើចម្លើយសារភាពជនសង្ស័យឈ្មោះ ទេព អ៊ូ និងមានវត្ថុតាងផងនោះ ជនសង្ស័យទាំង០២នាក់ត្រូវបានកម្លាំងជំនាញគ្រឿងញៀន អ.ហ ក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋាន អ.ហ ខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនស្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញគ្រឿងញៀន កងជាអាវុធហត្ថ ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី នៅរសៀលថ្ងៃទី២៩ ខែ១១ ឆ្នាំ២០២០នេះ៕
រាយការណ៍ដោយ ធីម ឆៃដា