បន្ទាយមានជ័យ ៖ កាលពីថ្ងៃអង្គារ៍១កើតខែបុស្ស ឆ្នាំជូតទោស័ក ពស២៥៦៤ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ក្រោមការដឹកនាំបញ្ជាដ៏អង់អាចមុះមុតរបស់លោកឧត្តមសេនីយ៍ត្រីសិទ្ធិ ឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យបានដឹកនាំកម្លាំងការិយាល័យនិងផ្នែកជំនាញប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតដោយមានកិច្ចសហការដ៏ស្អិតរមួតជាមួយកម្លាំងការិយាល័យផ្សព្វផ្សាយអប់រំ(ក៩)ក្រោមការដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីយិន បញ្ញារិទ្ធនាយករងមន្ទីប្រឆាំងគ្រឿងញៀននិងមានការសម្របសម្រួលពីឯកឧត្តមមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៣នាក់ដូចមានរាយលំអិតខាងក្រោមនេះ:
១-ឈ្មោះទី យៀង ភេទស្រីអាយុ៤៣ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ ហមភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ
៣-ឈ្មោះ សេងដាលីសិទ្ធ៊ហៅចិន ភេទប្រុសអាយុ៤០ឆ្នាំជនជាតិខ្មែរ
លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យបានឲ្យដឹងថាកម្លាំងជំនាញបានខិតខំស្រាវតាមដាន ត្រួតពិនិត្យទីតាំង2កន្លែងខាងលើអស់រយ:ពេលជាច្រើនខែមកហើយ ដោយទីតាំងទី១ ស្ថិតនៅចំណុចផ្ទះជួលរបស់ឈ្មោះទី យៀង ភេទស្រីនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដោយនៅទីតាំងនេះសមត្ថកិច្ចបានរកឃើញនិងចាប់រឹបអូសបាននូវវត្ថុតាងវ៉ាលីចំនួន2 សង្ស័យថាវ៉ាលីនោះផ្ទុកទៅដោយសារធាតុញៀនដែលឥឡូវនេះសមត្ថកិច្ចនៅមិនទាន់រាប់ចំនួនវត្ថុតាងក្នុងវ៉ាលីនោះអោយបានច្បាស់លាស់នៅឡើយទេ។
រីឯទីតាំងទី២ ស្ថិតនៅចំណុចបន្ទប់ជួលរបស់ឈ្មោះសេង ដាលីសិទ្ធភេទប្រុស ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលនៅទីតាំងនោះសមត្ថកិច្ចចាប់រិបអូសបាននូវវត្ថុតាងកេសដែកចំនួន១ សង្ស័យមានសារធាតុញៀនដោយមិនទាន់រាប់ចំនួនជាក់លាក់នៅឡើយ។
ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចរៀបចំបែបបទបញ្ជូនទៅមន្ទីប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការតាមនីតិវិធី។
រាយការណ៍ដោយ ធីម ឆៃដា