បណ្ដាញវេបសាយជាច្រើនបានបង្ហោះផ្សព្វផ្សាយស្ទើរតែរៀងរាល់ថ្ងៃ អំពីបញ្ហានៃការជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គីខេត្តស្ទឹងត្រែងជាលក្ខណ:ទីផ្សារសេរីដោយពុំមានសមត្ថកិច្ចជំនាញធ្វើការចាប់បង្ក្រាបនោះឡើយ។
ភាពព្រងើយកន្តើយរបស់សមត្ថកិច្ចគ្មានវិធានការទប់ស្កាត់ចាប់បង្ក្រាបនេះហើយ ជាឨកាសទុកអោយជនខិលខូចបានដៃលើការចាប់សត្វព្រៃ ដែលនៅសេសសល់ក្នុងដែនជំរកសត្វព្រៃធ្វើរចរាចរណ៍ជួញដូរលក់សត្វយ៉ាងអនាធិបតេយ្យជាទីបំផុត។
សព្វថ្ងៃនេះគេសង្កេតឃើញថា ពួកអាជីវករមួយចំនួនបានដាក់តាំងលក់សាច់សត្វព្រៃយ៉ាងសំដិលនៅក្នុងផ្សារមានទាំងសាច់សាត់និងសត្វព្រៃនៅរស់គ្រប់ប្រភេទជាច្រើន ដាក់លក់ដង្ហែនៅតាមបណ្ដោយដងផ្លូវខាងក្រោយផ្សារសាមគ្គីខេត្តស្ទឹងត្រែងដោយឥតមានការកោតក្រែងចំពោះមុខច្បាប់សោះឡើយ៕