(កំពង់ឆ្នាំង)សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា: ដីព្រៃលិចទឹកដែលជាជំរកត្រីពងកូននៅក្នុងតំបន់អភិរក្សនៃដែនឡូត៍លេខ ១០A និងកន្លែងអភិរក្សត្រីមេពូជលេខ ៧A រាប់ពាន់ ហិចតា កំពង់ទទួលរងនូវការវិនាសបាត់បង់អស់ទាំងស្រុងនៅក្នុងទឹកដីស្រុកជលគីរីដោយគ្មាន មន្ត្រីជំនាញឬអាជ្ញាធរណាម្នាក់ចេញមុខបង្ក្រាបនោះឡើយ។
មហាជនបានរិះគន់និងដាក់ការសង្ស័យទៅលើក្រុមមន្ត្រីជំនាញនិងអាជ្ញាធរឃឃុំពាមឆ្កោកនិងអាជ្ញាធរស្រុកជលគីរីថាបានឃុបឃិតជាមួយឈ្មួញខិលខូចត្រូវរូវគ្នាដាក់គ្រឿងចក្រឈូសឆាយទន្ទ្រាន់រំលោភយកធ្វើកម្មសិទ្ធនិងលក់អោយឈ្មួញមកពីខេត្តកំពង់ចាមយកធ្វើស្រែប្រាំង។បើយោងតាមប្រភពព័ត៌មានពីប្រជាពលដ្ឋជាច្រើនដែលពួកគាត់រស់នៅក្នុង ឃុំពាមឆ្កោកបានឲ្យដឹងថា ដីព្រៃលិចទឹកនៅលើទឹកដីស្រុកជលគីរី កំពង់ទទួលរងនូវការបាត់បង់អស់ទាំងស្រុងតែម្តងដោយសារតែភាពធូរលុងគ្មាន ឆន្ទៈក្នុងការអនុវត្តន៍ច្បាប់របស់ អស់លោក សមត្ថកិច្ចជំនាញនិងអាជ្ញាធរក្នុងស្រុកជលគីរី បណ្តោយឲ្យពួកក្រុមជនល្មើស
ធ្វើសកម្មភាព កាប់ឆ្ការ គាស់រាន ឈូសឆាយ ទន្ទ្រានយកចែកគ្នាលក់យ៉ាងគគ្រឹកគគ្រេង ។
ប្រជាពលរដ្ឋនិយាយថា មួយរយៈកន្លងមកនេះគឺពួកគាត់ធ្លាប់បានឃើញ កម្លាំងចម្រុះក្នុងស្រុកជលគីរីចុះធ្វើការទប់ស្កាត់ និងបោះបង្គោលដកហូតយកដីព្រៃលិចទឹកមួយចំនួនមករក្សាទុកជាដីរដ្ឋវិញផងដែរថែមទាំងបានហាមឃាត់មិនឲ្យមានគ្រឿងចក្រ ចូលធ្វើសកម្មភាព ឈូសឆាយ ទៀតផង។ ប៉ុន្តែការទប់ស្កាត់ និងហាមឃាត់របស់កម្លាំងចម្រុះគឺបានតែមួយចំអឹនកំពិសតែប៉ុណ្ណោះ ការឈូសឆាយនៅតែបន្តកើតមានដដែលទៀត ។
ប្រភពដដែល បានបង្ហើបប្រាប់ឲ្យដឹងថា រាល់ថ្ងៃនេះគឺអស់លោក សមត្ថកិច្ចជំនាញក្នុងស្រុកជលគីរី ទាំងរដ្ឋបាលស្រុកទាំងមន្ត្រីជំនាញជលផល តែម្តងជាអ្នកបើកដៃឲ្យត្រាក់ទ័រជាច្រើនគ្រឿងចូលធ្វើសកម្មភាព ឈូសឆាយ ទន្ទ្រានយកដីព្រៃលិចទឹកដែលឆេះនៅក្នុងកន្លែងអភិរក្សត្រីមេពូជ។
ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ខំប្រឹងស្រែកកោកៗព្រមទាំងបានដាក់នូវអភិក្រមទាំង៥ចំណុចដើម្បីអោយមន្ត្រីថ្នាក់ក្រោមអនុវត្តតាមតែវាហាក់បីដូចជាបានសឹកតែមាត់ត្រដោកស្អែតពោះក្របី ព្រោះពួកមន្ត្រីទាំងនោះស្ដាប់មិនបាន មិនតែប៉ណ្ណោះពួកមន្ត្រីគ្រាប់ល្ពៅដាំមិនដុះទាំងបែរជាយកអភិក្រមរបស់សម្ដេចទៅទ្រាប់គូថអង្គុយ ហើយធ្វើរបាយការណ៍កុហក់ថ្នាក់លើទៀតផង។
ប្រភពឲ្យដឹងថា រាល់ថ្ងៃនេះមេការត្រាក់ទ័រ ច្រើនតែប្រើពាក្យថា សំភ្ជួរដីដែលអាស្រ័យផល តែតាមពិតគឺគ្រាន់ជាល្បិចឆ្ពិនភ្នែករបស់មេការត្រាក់ទ័រ តែប៉ុណ្ណោះ។ ពួកគេអត់ភ្ជួរដីដែលបានអាស្រ័យផលនោះទេ ដីដែលអាស្រ័យផលចាំភ្លៀងធ្លាក់ចាំទៅធ្វើ ពួកគេបានអោយគ្រឿងចក្រ សម្រុកចូលឈូសឆាយ ដីព្រៃលិចទឹកនៅក្នុងកន្លែងអភិរក្សត្រីមេពូជ លរខ ៧A ដែលស្ថិតក្នុង ភូមិ ក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរីខេត្តកំពង់ឆ្នាំងចែកគ្នាយកលក់អោយឈ្មួញមកពីខេត្តកំពង់ចាមយកធ្វើស្រែាប្រាំង ។
ព័ត៌មាននេះជាសារមួយជម្រាបជូនដល់ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តដើម្បីជ្រាប់និងមានវិធានការទប់ស្កាត់ទាន់ពេលវេលា បើមិនដូច្នោះទេដីព្រៃលិទឹកដែលជាជម្រកត្រីពងកូននៅចំណុចខាងលើច្បាស់ជារលាយហិនហោចអស់ជាក់ជាមិនខាន៕