បន្ទាយមានជ័យ ៖ សមត្ថកិច្ចពាក់ព័ន្ធក្នុងស្រុកអូរជ្រៅដែលសុំមិនបេញ្ចេញឈ្មោះ បានឲ្យដឹងថាសប្វថ្ងៃជ្រូកមានទាសម្រុកដឹកចេញពីស្រុកសៀមតាមច្រករបៀងជាច្រើនកន្លែងក្នុងឃុំអូរបីជាន់ ជាពិសេសនៅច្រករបៀងព្រៃចាន់ចូលមកលក់ក្នុងស្រុកខ្មែរយ៉ាងគគ្រឹកដោយរលូន។
អារឿងឈ្មួញនាំចូលមានទាជ្រូកគ្មានការត្រួតពិនិត្យនេះកន្លងមកលោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ តែងតែដោះសាយករួចខ្លួនដោយអះអាងថា ក្រុមការងាររបស់លោកមានគ្នាតិចមិនអាចទប់ស្កាត់ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។ ប៉ុន្តែប្រភពពីមន្ត្រីមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ និយាយថា ទាល់តែមានការឃុបឃិតពីលោក ហ៊ុយ ទូច ទើបឈ្មួញហ៊ាននាំចូលជ្រូកមាន់ទារស់និងគោ ពីស្រុកសៀមតាមច្រករបៀងជាច្រើនកន្លែងក្នុងឃុំអូរបីជាន់ ជាពិសេសនៅច្រករបៀងព្រៃចាន់។
ជាមួយគ្នានោះលោក សូ ចាន់ណារី មេបញ្ជាការនគរបាលអង្គភាពវរការពារព្រំដែនលេខ៩១១ គឺជាអ្នកឃុបឃិតឲ្យមន្ត្រីរបស់ខ្លួននៅច្រករបៀងព្រៃចាន់ និងច្រករបៀងផ្សេងៗទៀតធ្វើអ្វីៗតាមអំពើចិត្តដើម្បីជាថ្នូរនឹងផលប្រយោជន៍។ ប្រភពពីមន្ត្រីនៅក្នុងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ការដែលលោក ហ៊ុយ ទូច ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យផងដែរ ទើបអ្វីៗអាចដំណើរការយ៉ាងសុខស្រួល។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអូរបីជាន់ បានឲ្យដឹងថា ជារៀងរាល់យប់មានឈ្មួញដឹកជញ្ជូនមាន់ទាជ្រូកនិងគោ ពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រករបៀងព្រៃចាន់ ដែលជាតំបន់គ្រប់គ្រងដោយអង្គភាពនគរបាលវរការពារព្រំដែនលេខ៩១១ ដែលមានលោក សូ ចាន់ណារី ជាមេបញ្ជាការអង្គភាពនេះ។ ក្រុមឈ្មួញដែលដឹកជញ្ជូនជ្រូកមាន់ទានិងគោ ចូលតាមច្រករបៀងព្រៃចាន់ បានប្រាប់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំអូរបីជាន់ ថាពួកគេបង់លុយតាមការកំណត់របស់មេច្រករបៀងព្រៃចាន់ និងតាមស្នាក់ការសមត្ថកិច្ចពាក់ព័ន្ធច្រើនកន្លែងទៀតទើបអាចទៅដល់គោលដៅ។
មន្ត្រីពេទ្យសត្វតម្រូវឲ្យក្រុមឈ្មួញនាំចូលជ្រូកមាន់ទានិងគោ ពីស្រុកសៀមបង់លុយច្រើនជាងគេដោយអះអាងថា លោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ ជាអ្នកតម្រូវឲ្យធ្វើបានបែបនេះ?។មិនដឹងថាតើលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹងរឿងបទល្មើសឆ្លងដែននៅតាមច្រករបៀងក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ដែលនៅតែកើតឡើងចឹងដែរឬអត់នោះទេ?។