បាត់ដំបង៖ លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបងត្រូវបានអ្នករកស៊ីកំប៉ិចកំប៉ុកនិយាយថាបាននិងកំពុង ឃុបឃិតគ្នាកេងប្រាក់ពន្ធតាមរយៈបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ បង់ពន្ធមិនគ្រប់ ប្រទេសថៃ ចូលមកខ្មែរ ដោយមិនខ្លាចច្បាប់ប្រឆាំងពុករលួយ ។
សម្រាប់អាជីវករនិងឈ្មួញតូចតាចដែលនាំចូលទំនិញតាមច្រកទ្វារអន្តរជាតិដូង វិញត្រូវបានលោក អ៊ុំ ចាន់រតនា និងមន្ត្រីក្រោមឱវាទគាបយកលុយតាមអំពើចិត្ត។
បើតាមអ្នករកស៊ីឲ្យដឹងថា៖រថយន្តដឹកផ្លែឈើចំណុះ១តោនកន្លះទៅ ២តោនកន្លះ ត្រូវបង់លុយឲ្យ គយច្រកដូង ចំនួន២៥០,០០០រៀលក្នុង១ជើង ជាកំហឹតដោយពុំមានវិក័យបត្រ័អ្វីទេ។រថយន្តសាំយ៉ុងដឹកបន្លែពីថៃ តាមច្រកនេះក៏ត្រូវបង់លុយឲ្យគយចំនួន១០០,០០០រៀលជាកំហិត គឺមិនមានក្រដាសស្នាមដូចគ្នា។រីឯរថយន្តធំៗចំណុះចាប់៥តោនឡើងទៅ បង់ចាប់ពី៥០ម៉ឺនរៀលទៅ១លានរៀលក្នុង១ជើង សម្រាប់ទំនិញធម្មតា។
ដោយឡែករថយន្តតុងតឺន័រ រថយន្តយីឌុបដែលដឹកទំនិញពីប្រទេសថៃចូលមកខ្មែរតាមច្រកនេះ ត្រូវបានគេសង្ស័យថា មានការបង់លុយដាក់ខែឲ្យគយ ខ្ទង់៣០០០$ក្នុង១ខែសម្រាប់រថយន្ត១គ្រឿង,។ឯទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកទ្វារអន្តរជាតិដូង ភាគច្រើនគឺបង់ពន្ធត្រឹម៣០ទៅ៤០ភាគរយប៉ុណ្ណោះ។
ប្រភពដែលស្និទ្ធនឹងលោក អ៊ុ ចាន់រតនា បានឲ្យដឹងថា រយៈពេលប្រមាណ៣ខែចុងក្រោយនេះលោក អ៊ុ ចាន់រតនា កំពុងបើកដៃឲ្យឈ្មួញធំៗនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់កាន់តែច្រើនឡើងៗដោយគ្មានញញើតអ្វីទាំងអស់។
លើសនេះទៅទៀតមានប្រភពខ្លះបានឲ្យដឹងថាលោក អ៊ុ ចាន់រតនា ឃុបឃិតជាមួយឈ្មួញខិលខូចមួយចំនួនបន្លំប្រភេទទំនិញដើម្បីជាថ្នូរនឹងផលប្រយោជន៍ផ្ទាល់ខ្លួននិងថ្នាក់លើរបស់គាត់?!។ សកម្មភាពឃុបឃិតគ្នារវាងឈ្មួញនិងគយច្រកទ្វារអន្តរជាតិដូង បែបនេះធ្វើឲ្យមានការប្រៀបធៀបថា ទំនិញដឹកចេញចូលយ៉ាងច្រើនលើសលប់ ឯចំណូលពន្ធដែលប្រមូលបានគឺតិចតួចបើទោះជាអាចគ្រប់ផែនការថ្នាក់លើក៏ដោយ។
ការពិតត្រូវទទួលស្គាល់ថាផែនការដែលក្រសួងសេដ្ឋកិច្ចដាក់ឲ្យគយប្រមូលចំណូលពន្ធដាក់ក្នុងច្បាប់ថវិការជាតិគឺគយធ្វើគ្រប់ផែនការដូចបកចេកចឹងព្រោះបើតាមសេចក្តីរាយការណ៍ពីអ្នករកស៊ីបង្ហាញថាសក្តានុពលចំណូលពន្ធគយនៅច្រើនណាស់បើតាមកំណើតសដ្ឋកិច្ច។នេះបើតាមការវាយតម្លៃពីអ្នកវិភាគ។លោក អ៊ុំ ចាន់រតនា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារអន្តរជាតិដូង មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៨នេះ ៕