ខេត្តរតនគិរី ៖ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ដឹកនាំកម្លាំងដោយលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគីរី សមត្ថកិច្ចបើកប្រតិបត្តិការ ឡើងក្រោយសារព័ត៌មានផ្សព្វផ្សាយពីភាពមិនប្រក្រតី ចំពោះការលាក់ទុកឈើដ៏ច្រើនសន្ធឹកសន្ធាប់នៅតំបន់ខាងលើនេះ។
ឈើប្រណីតគ្រប់ប្រភេទ មានដូចជា ឈើប្រភេទ សុក្រម កកោះ និងធ្នង់ អាឃ្លុំសម្រេច មានប្រវែង ០.៥០ម៉ែត្រ, ០.៦០ម៉ែត្រ, ០.៨០ម៉ែត្រ, ១.០០ម៉ែត្រ ទៅ១.២០ម៉ែត្រ និងមានមុខកាត់ចម្រុះចាប់ពី ២០, ៣០, ៤០ក្លុំ ដ៏ច្រើនសន្ធឹកសន្ធាប់រាប់ពាន់កំណាត់ រាប់រយម៉ែត្រគូប ដែលក្រុមឈ្មួញយកមកស្តុកលាក់ទុកយ៉ាងស្ងៀមស្ងាត់ នៅត្រង់ចំណុចដីសង្គមកិច្ច នៅមិនឆ្ងាយពីដីក្រុមហ៊ុន “SK ឥណ្ឌា” ប្រមាណតែជាង១០០ម៉ែត្រប៉ុណ្ណោះ។
ក្នុងមូលដ្ឋានប្រជាពលរដ្ឋបានខ្សឹបប្រាប់អ្នកសារព័ត៌មានថា ឈើទាំងនោះ ត្រូវក្រុមឈ្មួញបានទិញ និងដឹកជញ្ជូនចេញពីម្តុំព្រៃធម្មជាតិ ខាងជើងទំនប់វារីអគ្គិសនីសេសានក្រោម២ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង កាលពីប៉ុន្មានខែមុននេះ តាមគោយន្តកន្ត្រៃមកស្តុកទុកក្បែរដីក្រុមហ៊ុន សង្ស័យរង់ចាំឱកាសល្អដាក់បន្លំជាមួយឈើក្រុមហ៊ុនចាស់ ដែលបម្រុងនាំចេញ បន្ទាប់ពីទទួលបានច្បាប់អនុញ្ញាត (PC) រួចហើយ។ ប៉ុន្តែក្រោយពីប្រទះឃើញគំនរឈើទាំងនោះ ហើយប្រជាពលរដ្ឋក៏បានរាយការណ៍ជាបន្តបន្ទាប់ទៅសមត្ថកិច្ចមូលដ្ឋាន ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
ក្នុងការបើកប្រតិបត្តិការបង្ក្រាបបទល្មើសកន្លែងសតុបឈើខាងលើនេះ គេសង្កេតឃើញអ្នករត់ការម្នាក់ ឈ្មោះ ប្រុស (ជាអ្នកភូមិក្របីជ្រុំ) រត់ខ្វែងដៃខ្វែងជើងរត់ធ្វើ PC នៅភ្នំពេញ ដើម្បីបំពេញតាមតម្រូវការច្បាប់ធ្វើអាជីវកម្មយកឈើខុសច្បាប់ឲ្យក្លាយជាស្របច្បាប់ បំណងយកចេញជ្រកក្រោមស្លាកក្រុមហ៊ុន “SK ឥណ្ឌា” ព្រមទាំងការស្តារបាតអាងទំនប់វារីសេសានក្រោម២ជាដើម។
អ្វីជាចម្ងល់នោះគឺ កម្លាំងសមត្ថកិច្ចចម្រុះ ចុះរឹបអូសឈើ ហាមមិនឲ្យអ្នកសារព័ត៌មាន ចូលទៅផ្តិតយករូបភាពឡើយ ឬខ្លាចបាត់ប្រយោធន៍ធំ?៕