កម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ នៅថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០១៩ វេលាម៉ោង៩ ព្រឹកបានបង្ក្រាបមុខសញ្ញាលក់ចែកចាយថ្នាំញៀន តាម រថតាមរថយន្តដឹកទំនិញធុនធំ ត្រូវបាននគរបាលស្រុកស្ទឹងហាវចាប់បង្ក្រាប នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ។ ប៉ុន្តែពេលដេញបង្ក្រាបនោះ មុខសញ្ញាបានលោតចុះពីរថយន្ត ហើយរត់គេចខ្លួនចូលក្នុងព្រៃបាត់នៅមិនទាន់រកឃើញនៅឡើយ។
បន្ទាប់មកសមត្ថកិច្ចបានឆែកឆេរក្នុងរថយន្ត ក៏រកឃើញថ្នាំញៀនចំនួន១០កញ្ចប់ និងឧបករណ៍សម្រាប់ជក់ថ្នាំញៀនមួយចំនួនទៀតផង។
លោកវរសេនីយ៍ឯក រស់ កី អធិការនគរបាលស្រុកស្ទឹងហាវ បានឲ្យដឹងថា ៖ ទាក់ទិនមុខសញ្ញាលក់ចែកចាយគ្រឿងញៀនតាមរថយន្តធុនធំនេះ សមត្ថកិច្ចជំនាញបានធ្វើការតាមដាននិងឃ្លាំមើលជាយូរណាស់មកហើយ។
លុះដល់វេលាម៉ោងដូចខាងលើពេលសមត្ថកិច្ចឃាត់រថយន្តបំរុងឆែកឆេរ ស្រាប់តែមុខសញ្ញាបានបើករថយន្តធុនធំយ៉ាងលឿនដើម្បីគេចខ្លួន។
ឃើញសភាពការណ៍ដូច្នេះសមត្ថកិច្ចក៏បានសំរេចចិត្តប្រើអាវុធបាញ់បំបែកកង់មុខតែម្តង ហើយពេលរថយន្ដត្រូវបានបញ្ឈប់ល្បឿន អ្នកបើកបរក៏បានលោតចុះពីលើរថយន្ត ហើយរត់គេចខ្លួនយ៉ាងប្រញាប់ប្រញាល់រត់ចូលទៅព្រៃបាត់ស្រមោលតែម្តង។
ពេលនោះកម្លាំងជំនាញក៏បានដេញតាមរុករកនៅក្នុងព្រៃនោះដែរ ប៉ុន្តែជនសង្ស័យនោះបានគេចខ្លួនមុនបាត់ទៅហើយ សមត្ថកិច្ចក៏បានប្រែងបន្តស្វែងរុករករហូតដល់ម៉ោង ១៤ និង០០នាទី នៅតែមិនឃើញដដែល។
ពេលកម្លាំងជំនាញធ្វើការឆែកឆេរក្នុងរថយន្ត ក៏បានរកឃើញវត្ថុតាងមួយចំនួនមាន៖
១,ម្សៅក្រាមពណ៍សថ្លាសង្ស័យថាជាសារធាតុញៀនចំនួន ១០កញ្ចប់តូច។
២,ឧបករណ៍សំរាប់ជក់គ្រឿងញៀនមួយចំនួន និងឯកសារអត្តសញ្ញាណ័ណ្ណសញ្ចាតិខ្មែរ ប័ណ្ណបើកបរ ជារបស់ ជនសង្ស័យមាន ឈ្មោះ ម៉ិច ចន្ថា ភេទប្រុស អាយុ៣២ ឆ្នាំ មានស្រុកកំណើត នៅ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរបើកបររថយន្ត ៕