កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០នេះ ព្រះមង្គលានុរ័ក្ខ អំ សៃ ព្រះរាជាគណៈថ្នាក់កិតិ្តយស ទីប្រឹក្សាផ្ទាល់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទេ្ទសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និមន្តចែកទាយ្យទានជូនដល់លោកតា លោកយាយ រស់នៅក្នុងភូមិស្រែវាល ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ចំនួន ៣០គ្រួសារ។
ក្នុងពិធីក៏មានការនិមន្តចូលរួមពីព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត វារីផាសុខារាម “ហៅវត្តទឹកជុំ”, ព្រះគ្រូឆន្ទរតនមុនី សរ បញ្ញាឫទ្ធិ ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។
ទាយ្យទានដែលបាននាំយកទៅជូនលោកតា លោកយាយ ដោយក្នុងម្នាក់ៗទទួលបាន៖ ទាយ្យទាន ១កញ្ចប់ សារុង១ និងថវិកាចំនួន ១៥ ០០០រៀល។ នៅក្នុងឱកាសនោះដែរ ព្រះអង្គបានធ្វើការផ្តាំផ្ញើដល់ លោកតា លោកយាយ ប្រជាពុទ្ធបរិស័ទទាំងអស់ សូមចូលរួមបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងអនុវត្តអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានគ្រប់គ្នាៗ ៕