ក្រចេះ ៖ ពិតជាខ្លាំងមែនលោកនាយទាហានជាន់ខ្ពស់ មានគោរមងារជាឧកញ៉ា ឈ្មោះ គង់ ក្រឹង ជាឈ្មួញជួញដូរ ឈើប្រណីតប្រចាំនៅក្នុងអាណាចក្រស្រុកស្នួល ខេត្តក្រចេះក្រោម ការគ្រប់គ្រងរបស់លោក វ៉ា ថន ជាចៅហ្វាយខេត្តក្រចេះ និង លោក គង់ គឺមនី ជាចៅហ្វាយស្រុកស្នួល សព្វថ្ងៃនេះបាននឹងកំពុងលេចធ្លោល្បីល្បាញយ៉ាងខ្លាំងក្នុងសង្គមfacebook អំពី ការចាយប្រាក់រាប់សែនដុល្លារ បង់ជូនសមត្ថកិច្ច អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដើម្បីកុំអោយប៉ះពាល់មុខជំនួញរបស់ គាត់ ។
ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការមួយចំនួនបានលើក ឡើងថា តើសមត្ថកិច្ចថ្នាក់ណាហ៊ានប៉ះពាល់ឬចេញមុខបង្ក្រាប ឬចាប់ខ្លួនលោកនាយទាហ៊ានជាន់ខ្ពស់មានគោរមងារ ជាឧកញ៉ាឈ្មោះ គង់ ក្រឹង នោះ? បើលោក ឧកញ៉ា គង់ ក្រឹងស្គាល់និង ស្និតស្នាលជាមួយមេៗដឹកនាំកំពូលរបស់ប្រទេស កម្ពុជាឯណោះ មើលចុះតាមរូបថតជាក់ស្តែងដូចជាថតជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ថតសែលហ្វីជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក និងឥស្សរ ជនផ្សេងៗជាច្រើននាក់ទៀត ពេលខ្លះគេឃើញវត្តមានលោក ឧកញ៉ា គង់ ក្រឹង ចូលរួមមង្គលការកូនមេៗកងកម្លាំងប្រដាប់ អាវុធហើយជល់កែវផឹកស៊ី យ៉ាងសប្បាយរីករាយ ដូច្នេះបើគិត ពីមនោសញ្ចេតនាវិញ គឺមេៗដឹកនាំគ្រប់ជាន់ថ្នាក់ពិតជាស្គាល់ និងដឹងយ៉ាងច្បាស់ពីមូលដ្ឋានឈរជើង និងមុខរបររកស៊ីរបស់ លោកឧកញ៉ា គង់ ក្រឹង ដូច្នេះកត្តានេះហើយដែលលោក គង់ ក្រឹង មិនខ្វល់ខ្វាយឈឺក្បាលហាលថ្ងៃពីការផ្សព្វផ្សាយព័ត៌មាន ស្តីពីការជំរុញអោយពលរដ្ឋកាប់និងដឹកជញ្ជូនឈើតាមម៉ូតូយកមកស្តុកទុកក្នុងឃ្លាំងរបស់គាត់នៅក្រោលគោរបៀបសត្វកណ្តៀរពាំដីយកមកពូនធ្វើដំបូក ជារៀងរាល់ថ្ងៃ លុះប្រមូលបានច្រើនទើបដឹកចេញទៅលក់នៅស្រុកយួនតាមច្រកព្រំដែន ក្នុងស្រុលស្នួល ។
ចាំមើលតើគណៈកម្មាធិការ បង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ ដែលមានលោកនាយឧត្តមសេនិយ៍ សៅ សុខា ជាប្រធានហ៊ានបង្ក្រាបដែរអត់ ? ៕