មណ្ឌលគិរី ៖ បទបញ្ជារបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីពិសេសបទបញ្ជានាយករដ្ឋមន្ត្រីរឿងបង្ក្រាបនិងទប់ស្កាត់បទល្មើសព្រៃឈើនៅខេត្តភូមិភាគឥសាន្ត ក្លាយទៅជារឿងឥតន័យដោយសាតែក្រុមហ៊ុនយ៉ិនចាវរបស់ឈ្មួញព្រោះឈ្មួញឈ្មោះ ស្រេង ម៉េង ហៅម៉េង៣ពូថៅមិនស្តាប់?!។
យោងតាមសេចក្តីរាយការណ៍របស់សហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញឈើឈ្មោះ ស្រេង ម៉េង ហៅម៉េង៣ពូថៅមិនញញើតក្នុងការប្រព្រឹត្តបទល្មើសបំផ្លាញព្រៃឈើនោះទេ។ បច្ចុប្បន្នក្រុមហ៊ុនយ៉ិនចាវ របស់ឈ្មួញឈ្មោះ ម៉េង ហៅម៉េង៣ពូថៅ កំពុងកាប់ឈើក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេចនិងព្រៃរបៀងក្រង់គុយ ក៏ដូចជាព្រៃការពារនិងព្រៃអភិរក្សក្នុងស្រុកកោះញែក ដោយគ្មានញញើតអ្វីទាំងអស់។
បុគ្គលឹកអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានឲ្យដឹងថា ឈ្មួញមួយចំនួននិងជនល្មើសមួយចំនួនបានបំពានកាប់ក្នុងតំបន់ខាងលើ ហើយដឹកជញ្ជូនមកលក់ឲ្យឈ្មួញឈ្មោះ ស្រេង ម៉េង ដល់ទីតាំងដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនយ៉ិនចាវ ដោយគេមិនដែលឃើញមានមន្ត្រីបរិស្ថានឬ មន្ត្រីរដ្ឋបាលព្រៃឈើ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។
ប្រភពបានឲ្យដឹងទៀតថាឈ្មួញឈ្មោះ ស្រេង ម៉េង ប្រមូលទិញឈើពីឈ្មួញដទៃទៀតនិងក្រុមជនល្មើសសម្រាប់ឈើទាលមួយម៉ែត្រគូបត្រឹម១៥ដុល្លារ ហើយដឹកជញ្ជូនឈើទាំងនោះមកស្តុកទុកក្នុងទីតាំងដីសម្បទានរបស់ខ្លួន។ ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកកោះញែក បានបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះឈ្មួញឈ្មោះ ស្រេង ម៉េង ប្រមូលទិញឈើបានយ៉ាងច្រើនសម្រាប់ដឹកជញ្ជូនចេញទៅស្រុកយួននាពេលឆាប់ៗខាងមុខ គឺនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្នីប្រពៃណីខ្មែរ ព្រោះជាពេលវេលាដែលមន្ត្រីជំនាញនិងសមត្ថកិច្ចពាក់ព័ន្ធត្រូវឈប់សម្រាក។
បើតាមប្រជាពលរដ្ឋឲ្យដឹងថា ក្នុងទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនយ៉ិនចាវ គ្មាននៅសល់ឈើសម្រាប់កាប់ដឹកជញ្ជូនរាល់ថ្ងៃចឹងនោះទេ!។មិនអាចទាក់ទងសុំការពន្យលពីលោកស្វាយសំអ៊ាងនិងឈ្មួញឈ្មោះស្រេងម៉េងសួពីសេចក្តីរាយការណ៍ខាងលើនេះបានទេសង្ឃឹនថានឹងមានការបកស្រាយពន្យល់ជាមិនខានប្រសិនបើគ្មានបទល្មើសនទេនោះ!។