ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩នេះលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបំភ្លឺនៅចំពោះមុខឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ថា៖ ការបង្ហោះនៅលើ Facebook មិនត្រូវបានច្បាប់ការពារនោះទេ មានតែសារព័ត៌មានប្រភេទទូរទស្សន៍ វិទ្យុ កាសែត សារព័ត៌មានអនឡាញ គឺការពារដោយច្បាប់។
លោករដ្ឋមន្ត្រីបន្តថា៖ ការបង្ហោះចែកចាយព្រោងព្រាតនៅលើបណ្តាញសង្គម Facebook មិនមែនជាការផ្សាយព័ត៌មានដែលត្រូវការពារដោយច្បាប់ស្តីពីរបបសារព័ត៌មាននោះទេ មានតែប្រភេទ សារព័ត៌មានតាមទូរទស្សន៍ សារព័ត៌មានតាមវិទ្យុ សារព័ត៌មានកាសែត និងសារព័ត៌មាន Online មានច្បាប់ គឺបានការពារដោយច្បាប់របបសារព័ត៌មានជាធរមាន។
ការលើកឡើងលោក ខៀវ កាញារីទ្ធ បន្ទាប់ពីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ បានបង្ហាញការងឿយឆ្ងល់ នៅពេលដែលអ្នកលេង Facebook មួយចំនួនតាំងខ្លួនជាអ្នកសារព័ត៌មាន ហើយធ្វើការបង្ហោះចែកចាយ ផ្សព្វផ្សាយ ដំណឹងមិនច្បាស់លាស់តាមតែអំពើចិត្ត។ព្រឹកថ្ងៃទី២៥ខែមេសាឆ្នាំ២០១៩ នៅវិមានសន្តិភាព។
ក្រសួងព័ត៌មានបានជួបប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លើការ ផ្សាយគ្រឿងស្រវឹង និងការផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធផ្សព្វផ្សាយរួមមានវិទ្យុ ទូរទស្សន៍ កាសែត និងគេហទំព័រ ដើម្បីពង្រឹងការផ្សព្វផ្សាយឱ្យស្របតាមគោលការណ៍ និងច្បាប់ស្ដីពី របបសារព័ត៌មាននៅកម្ពុជា។ កិច្ចប្រជុំនេះ ធ្វើឡើង កាលពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានមានប្រសាសន៍អំពី ទិដ្ឋភាពជាក់ស្តែងចំពោះប្រសិទ្ធភាពនៃការទប់ស្កាត់ការផ្សាយ ព័ត៌មានមិនពិត រួមទាំងប្រសិទ្ធភាពនៃការទប់ស្កាត់ការផ្សាយលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ សេពគ្រឿងស្រវឹង បង្កផលប៉ះពាល់ដល់សន្តិជាតិ សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយគ្រឿងស្រវឹង ក្រសួងព័ត៌មាន បានធ្វើការជូនដំណឹងដល់ម្ចាស់ស្ថានីយវិទ្យុ ទូរ ទស្សន៍ កាសែត ទស្សនាវដ្តី និងអាហ្វីស ប៉ាណូ ទាំងអស់ដាក់ពាក្យស្លោកនៅ ក្រោមស្ពត ផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បើស្រវឹងកុំបើកបរ ឬបើកបរកុំសេពគ្រឿងស្រវឹង។ ទន្ទឹមនេះ ត្រូវបញ្ចប់រាល់ការ ចាក់ផ្សាយស្បតពាណិជ្ជកម្មគ្រឿងស្រវឹង ផ្តល់រង្វាន់ និងធ្វើការចាប់រង្វាន់ ជាលុយ សម្ភារ ផ្សេងៗដល់អតិថិជន។
ជាមួយគ្នានេះលោកខៀវកាញារីទ្ធបានបន្ដថា ក្រសួងព័ត៌មាន ក៏បានចុះកិច្ចព្រមព្រៀងជាមួយសម្ព័ន្ធក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងគោលបំណងពង្រឹងក្រមប្រតិបត្តិ គឺដើម្បីធានាថារាល់ សកម្មភាពការផ្សព្វ ផ្សាយ ទីផ្សារផ្សព្វផ្សាយ ពាណិជ្ជកម្ម និងការឃោសនា លក់ ផលិតផលគ្រប់បែបយ៉ាង ដែលទាក់ទង គ្រឿងស្រវឹង ឱ្យបានត្រឹមត្រូវ។លោករដ្ឋមន្ត្រីក៏បានឲ្យដឹងថាក្រសួង ក៏កំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលបានព័ត៌មានថែមទៀត។