ភ្នំពេញ ៖ គណៈកម្មការអឺរ៉ុបនៅក្នុងសំណុំរឿង EBA ត្រូវបានប្រកាសជាផ្លូវការហើយ នៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១២ ខែកុម្ភៈនេះបានសម្រេចដកការអនុគ្រោះពន្ធ «ជាបណ្ដោះអាសន្ន» ពីកម្ពុជា ប្រមាណ២០ភាគរយ ដែលមានតម្លៃនាំចេញសរុបប្រមាណ១ពាន់លានអឺរ៉ូក្នុង១ឆ្នាំ។
តាមរយៈឯកសារកម្រាស់១៦ទំព័រ គណៈកម្មការអឺរ៉ុប គណៈកម្មការអឺរ៉ុបពន្យល់ថា ធ្វើឡើងដោយសារមានការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារ នៅកម្ពុជា។ផលិតផលទាំងឡាយដែលកម្ពុជាលែងទទួលបានការអនុគ្រោះពន្ធពីអឺរ៉ុបរួមមាន៖ ផលិតផលខ្លះក្នុងផ្នែកកាត់ដេរសម្លៀកបំពាក់និងស្បែកជើង ផលិតផលសម្រាប់ធ្វើដំណើរ និងស្ករ។ ហើយប្រសិនបើសភានិងក្រុមប្រឹក្សាអឺរ៉ុបមិនជំទាស់ទេ សេចក្ដីសម្រេចនេះ នឹងចូលជាធរមាននៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ខាងមុខ ពោលគឺនៅក្នុងរយៈពេល៦ខែទៀត។
លោក Josep Borrel តំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប និងជាស្នងការរងនៃគណៈកម្មការអឺរ៉ុប ថ្លែងថា សហភាពអឺរ៉ុប គ្មានជម្រើសអ្វីផ្សេងក្រៅតែពីសម្រេចដកការអនុគ្រោះពន្ធមួយផ្នែកពីកម្ពុជាឡើយ នៅពេលដែលលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាត្រូវបានបំផ្លិចបំផ្លាញ លំហសិទ្ធិមនុស្សត្រូវកាត់បន្ថយ និងសេរីភាពនៃការបញ្ចេញមតិត្រូវបិទខ្ទប់។ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក Phil Hogan ទទួលស្គាល់ពីការរីកចម្រើនរបស់កម្ពុជា ប៉ុន្តែអឺរ៉ុបនៅតែផ្ដល់តម្លៃខ្ពស់ដល់ការគោរពសិទ្ធិមនុស្ស។ សម្រាប់ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប គោលដៅនៃការដកការអនុគ្រោះពន្ធពីកម្ពុជា គឺដើម្បីឲ្យអាជ្ញាធរកម្ពុជាបញ្ចប់ការរំលោភសិទ្ធិមនុស្ស។ គឺទាល់តែស្ថានភាពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងសិទ្ធិការងារនៅកម្ពុជាត្រូវបានដោះស្រាយឲ្យប្រសើរឡើងវិញ ទើបអឺរ៉ុបអាចផ្ដល់ការអនុគ្រោះពន្ធដល់កម្ពុជាវិញបាន។
លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC បានលើកឡើងថា «អ្វីដែលត្រូវកើត វានឹងកើត រក្សាភាពស្ងប់ស្ងាត់ និងអារម្មណ៍នឹងនរ បន្តការចេះជួយគ្នា ហើយបន្តដំណើរទៅមុខទៀត ជាមួយនិងគោលដៅ ដែលបានកំណត់ទុក។ គេរំពឹងថា យើងនឹងបាត់ទាំងស្រុង តែផ្ទុយទៅវិញ ៨០%នៃប្រយោជន៍រួម ត្រូវបានការពារ នេះជាលទ្ធផល ដែលយើងអាចរីករាយបាន»។
ទាក់ទងនិងការសម្រេចនេះរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងការសោកស្តាយ ៖«រាជរដ្ឋាភិបាលកម្ពុជា មានការសោកស្ដាយចំពោះសេចក្ដីសម្រេចដ៏អយុត្តិធម៌របស់គណៈកម្មការអឺរ៉ុប នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ពាក់ព័ន្ធនឹងការដកជាបណ្តោះអាសន្ននូវផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ “គ្រប់មុខទំនិញលើកលែងសព្វាវុធ” ដែលអនុលោមតាមមាត្រា ១៩ នៃបទប្បញ្ញត្តិ ស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) របស់សហភាពអឺរ៉ុប។ ទស្សនាទានស្តីពី “ការរំលោភបំពានធ្ងន់ធ្ងរ និងមានលក្ខណៈជាប្រព័ន្ធ” ដូចបានចែងក្នុងបទប្បញ្ញត្តិស្តីពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ ដែលផ្តើមចេញពីការភាន់ច្រឡំ និងការយល់ខុសអំពីតថភាពជាក់ស្តែងនៅកម្ពុជា ត្រូវបានយកមកប្រើប្រាស់តាមទំនើងចិត្ត ដើម្បីចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា»។
សេចក្តីថ្លែងការណ៍បន្តថា៖ «សេចក្តីសម្រេចនេះ មិនមានអ្វីក្រៅពីការអនុវត្តស្តង់ដារទ្វេ នៅពេលដែលយើងប្រៀបធៀបប្រព្រឹត្តកម្មរបស់សហភាពអឺរ៉ុប ជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។ ទោះបីជាសេចក្តីសម្រេចនេះបានទទួលស្គាល់ «វឌ្ឍនភាពជាក់ស្តែង» ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននៅក្នុងវិស័យជាច្រើន ក្នុងការឆ្លើយតបទៅនឹងក្តីកង្វល់របស់គណៈកម្មការអឺរ៉ុបក៏ដោយ ក៏សេចក្តីសម្រេចនេះពុំបានទទួលស្គាល់ និងគោរពបញ្ហាជាមូលដ្ឋាននៃអធិបតេយ្យរបស់កម្ពុជា ដែលពុំមែនជាកម្មវត្ថុនៃការចរចាប្រព័ន្ធអនុគ្រោះពន្ធ ឬជាកម្មវត្ថុនៃការផ្លាស់ប្តូរដើម្បីជំនួយអភិវឌ្ឍន៍នោះឡើយ»។
រាជរដ្ឋាភិបាលកម្ពុជាប្រកាន់យ៉ាងម៉ឺងម៉ាត់នូវជំហរគោលការណ៍ក្នុងការបដិសេធរាល់ការប៉ុនប៉ងដោយដៃគូខាងក្រៅ ក្នុងការប្រើប្រាស់ពាណិជ្ជកម្ម ឬជំនួយអភិវឌ្ឍន៍ ដើម្បីជាលេសក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ លើកលែងតែដំណើរការនៃនីតិវិធីតុលាការមួយគត់ដែលកំពុងត្រូវបានអនុវត្តដោយអនុលោមយ៉ាងពេញលេញតាមច្បាប់កម្ពុជា និងស្ថិតនៅក្រោមយុត្តាធិការនៃអំណាចឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជា ក្រៅពីនេះ សកម្មភាពទាំងអម្បាលមានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្តែងចេញក្នុងដំណាក់កាលនៃកិច្ចសន្ទនាគឺមានខ្លឹមសារគួរឱ្យកត់សម្គាល់លើសពីអ្វីដែលជាក្តីកង្វល់របស់សហភាពអឺរ៉ុបទៅទៀត។
ដោយឡែកចំពោះបញ្ហាទំនាស់ដីធ្លី សិទ្ធិការងារ និងសេរីភាពសារព័ត៌មានដែល គណៈកម្មការអឺរ៉ុបបានទទួលស្គាល់ថាមានវឌ្ឍនភាពជាក់លាក់នោះ ក៏រាជរដ្ឋាភិបាលនៅតែបន្តដោះស្រាយកង្វះខាតនានាដែលនៅសេសសល់បន្ថែមទៀតដែរ។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែល។កម្ពុជាបានបញ្ជាក់ទៀតថា ចំពោះលំហនយោបាយវិញ រាជរដ្ឋាភិបាលបានព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានប្រកបដោយភាពស្មោះត្រង់ លើកលែងតែសកម្មភាពទាំងឡាយណាដែលប៉ះពាល់នឹងអធិបតេយ្យជាតិប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ ទោះបីជាមានសេចក្តីសម្រេចរបស់គណៈកម្មការអឺរ៉ុបលើបញ្ហាពាណិជ្ជកម្មនេះក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយសហភាពអឺរ៉ុបបន្ថែមទៀត ដោយឈរលើស្មារតីនៃការគោរព និងការទទួលផលប្រយោជន៍ទៅវិញទៅមក ជាមួយនឹងការបញ្ជាក់សាជាថ្មីពីបំណងប្រាថ្នាយ៉ាងមុតមាំរបស់ខ្លួនក្នុងការបន្តអនុវត្តតាមប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្សនៅក្នុងតំបន់។
ក្រៅពីក្រសួងការបរទេសរាជរដ្ឋាភិបាលនៅថ្ងៃទី១២កុម្ភៈក៏បានចេញសារាចរមួយតម្រូវឲ្យស្ថាបន័នានារបសរាជរដ្ឋាភិបាលសហកការជាមួយគណកម្មាធិការសិទ្ធមនស្សកម្ពុជាដើម្បីតាមដាននិងដោះស្រាយបញ្ហានៃការរំលោភនានាផងដែរ។
បើតាមគណៈកម្មការអឺរ៉ុប ផលិតផលកាត់ដេរសម្លៀកបំពាក់ និងផលិតផលស្បែកជើងរបស់កម្ពុជា នាំចូលទៅកាន់ទីផ្សារអឺរ៉ុប មានតម្លៃ ៤៦០០ លានអឺរ៉ូ នៅឆ្នាំ២០១៨ ហើយបានកើនឡើងដល់ ៥៣០០ លានអឺរ៉ូ នៅឆ្នាំ២០១៩។ក្នុងនោះ ប្រព័ន្ធអនុគ្រោះពន្ធ EBA បានលើកលែង មិនយកពន្ធលើមុខទំនិញរបស់កម្ពុជា ចំនួន ៧២០០ ប្រភេទ។
កម្ពុជា ឈរនៅលំដាប់ទី៥៧ ដែលជាអ្នកផ្គត់ផ្គង់ទំនិញធំបំផុត ទៅកាន់សហរដ្ឋអាមេរិក។ កម្ពុជាបាននាំទំនិញទៅកាន់អាមេរិក ក្នុងទំហំទឹកប្រាក់ ៣៨០០ លានដុល្លារ នៅឆ្នាំ២០១៨ គឺកើនឡើង ២៤,៨% ធៀបនឹងឆ្នាំ២០១៧។ ទំនិញរបស់កម្ពុជា ដែលនាំទៅលក់នៅអាមេរិក ក៏ស្ថិតក្រោមប្រពន្ធអនុគ្រោះពន្ធ the US Generalized System of Preferences (GSP) ដែលអាមេរិក បានលើកលែងពន្ធលើមុខសទំនិញរបស់កម្ពុជា ចំនួន ៥០០០ ប្រភេទ៕