បន្ទាយមានជ័យ ៖ នៅវេលាម៉ោង១០ និង១០នាទី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ ដឹកនាំដោយលោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការកងរាជអាវុធហត្ថការរងខេត្តបន្ទាយមានជ័យ ទទួលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឈួន គីមហួត ភេទប្រុស អាយុ៣៧ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិសំរោង ឃុំតាពូង ស្រុកបាត់ដំបង ខេត្តបាត់ដំបង ។ បច្ចុប្ប្ន រស់នៅភូមិដីក្រហម ឃុំអន្លុងលៀប ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងដកហូតវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកក (ម្សៅក្រាមពណ៌សថ្លា) ចំនួន០២កញ្ចប់ធំ ស្មើនឹងទម្ងន់២០៦៤ក្រាម (ជាងពីរគីឡូក្រាម) រថយន្ត០១គ្រឿងម៉ាកតូយ៉ូតា កូរ៉ូឡា ពណ៌ប្រផេះខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2E-3600 និងសម្ភារៈមួយចំនួនទៀតផងដែរ ចំណែកជនសង្ស័យត្រូវបានបញ្ជូនខ្លួនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរបន្ត។
លោកវសេនីយ៍ឯក ជា តារា បានប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយអនុវត្តវិធានការញុះញង់ ឱ្យលក់ដោយខុសច្បាប់នូវគ្រឿងញៀន នៅចំណុចភូមិចក្រី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ក្រោយពេលសាកសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានជួញដូរគ្រឿងញៀនដោយខុសច្បាប់ពិតប្រាកដមែន។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០នេះដដែល ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោក តេង សាម៉ៃ ព្រះរាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត រួមទាំងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមត្រួតពិនិត្យលើវត្ថុតាងគ្រឿងញៀនដែលដកហូតបាន។ ក្នុងឱកាសនេះផងដែរ ឯកឧត្ដម អ៊ុំរាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន១០០០$ សហរដ្ឋអាមេរិក ជាការលើកទឹកចិត្តដល់កងកម្លាំងផងដែរ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញបទល្មើសគ្រឿងញៀនកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់៕