រតនគិរី ៖ វេលាម៉ោង១៨និង២នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ មានហេតុការណ៍ គ្រោះថ្នាក់សារាចរ លើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចផ្លូវកំពុងជួសជុលថ្មីមួយកំណាត់(ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៨៦-២៨៧)ស្ថិតនៅក្នុងភូមិកាទៀង(ហៅអូរទទឹង) ឃុំល្បាំង១ ស្រុកលំផាត់។
អធិការស្តីទីលោក ក្លុល ថើង បានឲ្យដឹងថា រថយន្ត១គ្រឿងម៉ាក ហុីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ចាម3A-4317 ដឹកជ័រកៅស៊ូ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ជាការដ្ឋានកំពុងជួសជុលផ្លូវហើយមានដីហុយផងនោះ រថយន្តនេះបានបើកយឺតៗ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតបោះពួយយ៉ាងលឿនមកពីក្រោយ ហើយមិនបានចាប់អារម្មណ៍ថាមានរថយន្តនៅពីមុខ ហើយក៏បាន បុកគូទ រថយន្ត ហ៉ីយ៉ាន់ដាយយ៉ាងពេញទំហឹងតែម្តង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ គ្មាន គ្រោះថ្នាក់ដល់ជីវិត នោះទេ ហើយអ្នកបើកបររថយន្តហ៉ីយ៉ាន់ដាយបានចុះរត់គេចខ្លួនបាត់។
លោកថា រថយន្ត១គ្រឿងទៀតម៉ាក ឡង់គ្រីស័រ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AG- 8897 ធ្វើដំណើរស្របទិសគ្នា មកពីក្រោយ
បើកបរដោយឈ្មោះ ពៅ វិសាល ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើបបរ មានទីលំនៅភូមិព្រែកតាសេក សង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ
អ្នករួមដំណើរម្នាក់ ឈ្មោះ យឿន សុផល ភេទប្រុសអាយុ៦៦ឆ្នាំ ជនជាតិខ្មែរមុខរបរមន្ត្រីរាជការ មានទីលំនៅជាមួយគ្នាមិនមានរបួសនោះទេ។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង១ សហការជាមួយកម្លាំងជំនាញចរាចរណ៍នៃអធិការស្រុកលំផាត់ និងកម្លាំងការិយាល័យនគរបាលចរាចរណ៍ស្នងការនគរបាលខេត្ត ចុះមកអន្តរាគមន៍ធ្វើការវាស់វែងនិងរឹបអូសយកមធ្យោបាយទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីធ្វើការសម្របសម្រួលគ្នានៅពេលក្រោយ៕
ដោយ ភន់ វ៉ាន់ថន (បញ្ញវន្តខ្មែរ)