(ភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានអញ្ជើញដឹកនាំប្រតិភូ ក្រសួងព័ត៌មាន ចូលគោរពវិញ្ញាក្ខ័ន្ធសព ឯកឧត្តម អ៉ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលបាទទួលមរណភាពកាលពីថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលា ម៉ោង ១១:៥០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ។
ពិធីបុណ្យសព កំពុងប្រារព្ធធ្វើនៅគេហដ្ឋានសព មហាវិថីព្រះនរោត្តម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
នៅក្នុងសារលិខិតរំលែកទុក្ខ របស់ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ ជូនលោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងក្រុមគ្រួសារ ដោយបានគួសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃក្រសួងព័ត៌មានទាំងមូល និងក្នុងនាមខ្ញុំផ្ទាល់ មានសេចក្តីក្រៀមកំ ក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម អ៊ឹង គៀត ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាបិតា បង្កើតរបស់លោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ពស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១១៥០នាទីព្រឹក ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ។
ឯកឧត្តម រដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងព័ត៌មាន សូមសម្តែងនូវការ សោកស្តាយ ជាអនេកចំពោះការបាត់បង់ ឯកឧត្តម អ៊ឹង គៀត ដែលជាកុលបុត្រដ៏ឆ្នើមមួយរូប និងជាឥស្សរជនជាន់ខ្ពស់ នៃប្រទេសជាតិ ត្រូវជាបិតា បិតាក្មេក និងជាជីតាជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារទាំងអស់នៃសព ដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយ ចិត្ត និងបញ្ញា ស្មារតី ក្នុងការបីបាច់ថែរក្សាកូនចៅ ជាទី ស្រឡាញ់ និងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបម្រើជាតិ និងប្រជាពលរដ្ឋ ។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមចូលរូម រំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធរបស់ឯកឧត្តមម៉ឹង គៀត ជាទីគោរពស្រឡាញ់ បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕